Search

Article Summary Week 4: មេរៀនដែលបានផ្តល់ដោយកូវីតពីការធ្វើនវានុវត្តន៍រហ័សអោយបានជោគជ័យ

Updated: Sep 27, 2021

រៀបរៀងដោយ លោក អ៊ុន ពុទ្ធារតន៍


តើកូវីតបានផ្តល់ជាមេរៀនអ្វីខ្លះពីការធ្វើនវានុវត្តន៍រហ័ស?


ការរាតត្បាតសកលនៃវីរុសថ្មីកូវីតបានធ្វើឲ្យឥរិយាបទរបស់អ្នកប្រើប្រាស់ផ្លាស់ប្តូរទៅកាន់ឌីជីថល។ បើយើងក្រឡេកមកមើលក្រុមហ៊ុនអ៊ូបឺរ(Uber) គឺជាឧទាហរណ៍ល្អមួយដែលផ្តើមចេញពីការធ្វើនវានុវត្តន៍ទៅលើគំរូអាជីវកម្ម។ អ៊ូបឺរពុំមែនជាអ្នកបង្កើតឲ្យមានប្រព័ន្ធអ៊ីនធើណេត ស្មាតហ្វូន ប្រព័ន្ធចាប់ទីតាំងតាមផ្កាយរណប រថយន្ត ឡើយ។ ជាក់ស្តែង ក្រុមហ៊ុនអ៊ូបឺរផ្តល់សេវាកម្មមិនខុសពីអ្នករត់តាក់ស៊ីប៉ុន្មានទេក៏ប៉ុន្តែអ្វីដែលមានលក្ខណៈខុសគ្នានោះគឺគ្រាន់តែវិធីសាស្រ្តក្នុងការផ្តលសេវាកម្មទៅកាន់អតិថិជនតែប៉ុណ្ណោះ។ ចំពោះក្រុមហ៊ុនស្តារបាក្សហ៍វិញ (Starbucks) គេបានប្រញាប់ប្រញាល់បង្កើតប្រព័ន្ធបញ្ជាទិញតាមទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនទៅទទួលកាហ្វេពីបុគ្គលិកដោយមិនចាំបាច់ចូលហាងឡើយ។ ចំពោះអាជីវកម្មលក់រាយដូចជាថាហ្គេត (Target) និង បេស្តបាយ (Best Buy) ការអនុវត្តន៍ប្រព័ន្ធជាវទំនិញតាមទូរស័ព្ទបានជួយកាត់បន្ថយហនិភ័យពីការឆ្លងមេរោគកូវីត​ ផ្តល់ភាពងាយស្រួលទៅដល់ជនពិការ និងគ្រួសារដែលមានក្មេងតូចៗផងដែរ។ ការធ្វើនវានុវត្តន៍ដោយរហ័ស និងបត់បែនក៏បានជួយទៅដល់វិស័យភោជនីយដ្ឋានដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីកូវីត។ យើងសង្កេតឃើញថានៅតាមហាងមួយចំនួនបានប្រើបច្ចេកវិទ្យាស្កេន QR Code ដែលអាចឲ្យអតិថិជនកម្មង់ម្ហូប ឆែកបញ្ចីរាយឈ្មោះម្ហូប និងបង់ប្រាក់ជាមួយគ្នាដោយទូរស័ព្ទដៃផ្ទាល់របស់ពួកគាត់។ ជារួម កូវីតបានផ្តល់ជាមេរៀនដ៏មានតម្លៃទាក់ទងជាមួយនឹងការធ្វើនវានុវត្តន៍អាជីវកម្មក្នុងកំឡុងពេលដែលជួបភ័យយន្តរាយ។ ដូច្នេះហើយទើបអាជីវករគ្រប់រូបត្រូវត្រៀមខ្លួនផ្លាស់ប្តូរឥរិយាបទក្នុងការបំពេញអាជីវកម្មរបស់គេ។


***សង្ខេប និងដកស្រង់ពីអត្ថបទ “What Covid Teaches us about innovating fast”


បីយ៉ាងដែលអ្នកអាចយកមកប្រើដើម្បីបង្កើនភាពទាក់ទាញទៅកាន់អតិថិជន


ការបង្កើនភាពទាក់ទាញរបស់យីហោអ្វីមួយតម្រូវឲមានយុទ្ធសាស្រ្តបត់បែនជាចាំបាច់កំឡុងពេលដែលមានកំណើនការប្រើប្រាស់បណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ វិធីសាស្រ្តទីមួយគឺ តម្រូវឲ្យម្ចាស់អាជីវកម្មផ្សព្វផ្សាយ និងណែនាំឲច្បាស់ទៅអតិថិជនពីចំណេះដឹងទាក់ទងជាមួយនឹងផលិតផល ឫ សេវាកម្មដែលពួកគាត់កំពុងស្វែងរកជាវក្នុងទីផ្សារបច្ចុប្បន្ន។ ការផ្សព្វផ្សាយណែនាំនេះសម្តៅទៅលើការផ្តល់ជាគន្លឹះទៅកាន់អតិថិជនពីអ្វីទៅដែលជាទំនិញ ឫ សេវាកម្ម ដែលសុទ្ធហើយមានគុណភាពប្រកបទៅដោយភាពទុកចិត្តបាន។ ការជួយខ្វាយខ្វល់ពីការជាវទំនិញរបស់អតិថិជននេះហើយដែលគឺជាឫសគល់នៃការបង្កើតគុណតម្លៃយីហោរបស់ម្ខាស់អាជីវកម្មនីមួយៗ។ វិធីសាស្រ្តទីពីផ្តោតទៅលើការផ្តល់ពត៌មានតាមបណ្តាញសង្គមទៅកាន់អតិថិជនទាក់ទងជាមួយនឹងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ របស់អ្នកដែលត្រូវបានប្រើប្រាស់ក្នុងផលិតផល ឫ សេវាកម្មរបស់អ្នកជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា។ ការធ្វើបែបនេះនឹងជួយឲ្យអតិថិជនស្វែងយល់ពីអ្វីទៅដែល​ស័ក្តិសមសម្រាប់បំពេញតម្រូវការចាំបាច់របស់ពួកគាត់ និង បង្កើនសេចក្តីទុកចិត្តជាដើម។ យុទ្ធសាស្រ្តទីបី គឺការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។ អ្នកអាចធ្វើការរាយរ៉ាប់ពីបទពិសោធន៍កសាងអាជីវកម្មពីបាតដៃទទេរបស់អ្នកដែលអាចជួយឲ្យអតិថិជនស្វែងយល់ពីភាពដឹកនាំ និង ការតស៊ូព្យាយាមបង្កើតយីហោរបស់អ្នក។ ធ្វើបែបនេះ អតិថិជននឹងឃើញភាពលេចធ្លោពីយីហោរបស់អ្នកដោយសារតែពួកគាត់នឹងបានឃើញពីគុណតម្លៃដែលទទួលបានពីការជាវយកផលិតផល ឫ ទំនិញរបស់អ្នក។


***សង្ខេប និងដកស្រង់ពីអត្ថបទ “3 Ways You Can Use Education to Build Your Brand And Reach Customer”

3 views0 comments