Search

Article Summary Week 15: សារៈសំខាន់ និង បញ្ហាប្រឈមនៃនវានុវត្តន៍សង្គមនាបច្ចុប្បន្នភាព

Updated: Oct 11, 2021

រៀបរៀងដោយ អាយ នរមល្លិកា




តើអ្វីទៅជានវានុវត្តន៍សង្គម?​ ហេតុអ្វីបានជាវាសំខាន់នៅក្នុងវិស័យអាជីវម្ម?


លោកថូរដ័រ ថូម៉ូស (Tudor Tmos) ជាសាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណាហ្គាអូកា ​ខាងផ្នែកនវានុវត្តន៍សង្គម។ គាត់បាន​ចូលរួមក្នុងកិច្ចសម្ភាសន៍របស់ ណាហ្គាអូកា (Nagaoka) ក្រោមប្រធានបទ នវានុវត្តន៍សង្គម។ នៅក្នុង​បទសម្ភាសន៍នោះផងដែរ​ បានបង្ហាញពីចំណុចសំខាន់ៗ និងមូលហេតុដែលបណ្ដាលឱ្យមានការប្រើប្រាស់នវានុវត្តន៍សង្គមនាពេលបច្ចុប្បន្ននេះ។

១. តើអ្វីទៅដែលជានវានុវត្តន៍សង្គម?

ជាទូទៅ នវានុវត្តន៍សង្គមសំដៅលើដំណោះស្រាយណាមួយដែលទាក់ទងទៅនឹងបញ្ហានៅក្នុងសង្គម ឬបញ្ហាបរិស្ថានជាដើម។ វាបានជួយបង្កើតទំនាក់ទំនងនៅក្នុងសង្គមតាមរយៈដំណើរការរបស់វា។ ទន្ទឹមនឹងនោះ នវានុវត្តន៍សង្គមបានឆ្លុះបញ្ចាំងពីកិច្ចសហការថ្មីៗផងដែរ។ នវានុវត្តត្រូវគេអនុវត្តទៅលើផលិតផល ឬសេវាកម្ម ក្នុងគោលបំណងបំពេញតម្រូវការអតិថិជន និងជួយឲ្យជីវិតរស់នៅមានភាពកាន់តែងាយស្រួល។

២. ប្រសិនបើវាជាកម្មវិធីមួយវិញ តើវាបានកើតឡើងតាំងពីពេលណាមក?​

នវានុវត្តន៍សង្គមមិនមែនជាអ្វីដែលថ្មីនោះទេ។​ អ្វីដែលថ្មីនោះគឺ ការប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះនៅក្នុងនវានុវត្តន៍សង្គមតែប៉ុណ្ណោះ ដូចជាការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសេវាកម្ម ឬក៏ផលិតផលមួយចំនួន។ វិគីភីឌា (Wikipedia) និង Airbnb ក៏អាចត្រូវបានចាត់ ទុកថាជានវានុវត្តន៍សង្គមតាមបែបឌីជីថលផងដែរ។

៣. ហេតុអ្វីបានជានវានុវត្តន៍សង្គមមានភាពពេញនិយមនាពេលសព្វថ្ងៃនេះ? មូលហេតុចម្បងនោះគឺ ការកើនឡើងនៃបញ្ហាប្រឈមក្នុងសង្គមនាពេលបច្ចុប្បន្ន។ ដោយសារតែគម្លាតរវាងបញ្ហា និងដំណោះស្រាយ​ ដែលពួកយើងធ្លាប់មានពីមុនមិនអាចជួយក្នុងការដោះស្រាយបញ្ហាធំៗថ្មីមួយចំនួនបាន។ ការប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលពួកយើងមិនអាចប្រើប្រាស់ការដោះស្រាយបញ្ហាពីមុនៗ យកមកដោះស្រាយបានឡើយ។ ដូច្នេះហើយ ទើបយើងចាប់ផ្ដើមប្រើប្រាស់នវានុវត្តន៍សង្គមដើម្បីរកដំណោះស្រាយដ៏ឆ្លាតវៃ និងងាយស្រួល ដើម្បីយកមកអនុវត្ត។

៤. តើពួកយើងអាចប្រើប្រាស់វាដោយរបៀបណា?

តាមពិតទៅអ្វីៗគ្រប់យ៉ាងចាប់ផ្តើមដោយគំនិតតែមួយគត់។​ ប៉ុន្តែ ដើម្បីបង្កើតគំនិតនោះឲ្យទៅជានវានុវត្តន៍សង្គមវាពឹងផ្អែកទៅលើថា តើបុគ្គលម្នាក់នោះអាចយល់ពីតម្រូវការ និងបរិបទសង្គមបានកម្រិតណា។ ការយល់ចិត្តគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់អ្នកដែលចូលរួមក្នុងនវានុវត្តន៍សង្គម។ យុទ្ធសាស្ត្រដ៏ល្អមួយទៀត គឺត្រូវយល់ពីទស្សនៈរបស់អតិថិជន។ មិនតែប៉ុណ្ណោះ ពួកគេត្រូវតែមានគំនិតច្នៃប្រឌិតប្រកបដោយភាពប្រាកដនិយមផងដែរ។

៥. តើអ្វីទៅជាបញ្ហាដែលធ្វើឲ្យមានភាពរាំងស្ទះទៅលើនវានុវត្តន៍សង្គម?

នៅក្នុងបរិបទមួយចំនួន នវានុវត្តន៍សង្គមពុំមានសក្ដានុពលនោះទេ។ វាអាចកើតឡើងនៅក្នុងស្ថានភាពមួយចំនួន ដូចជាការគ្រប់គ្រងផ្តាច់ការ ឬសិទ្ធិក្នុងការបញ្ចេញមតិត្រូវបានរឹតបន្តឹង។ វាក៏អាចកើតឡើងបានផងដែរ នៅពេលដែលគំនិតច្នៃប្រឌិតនោះមានភាពជឿនលឿនជាងសម័យកាលបច្ចុប្បន្នពេក៕


***សង្ខេប និងដកស្រង់ពីអត្ថបទ "What is social innovation and Why it matters "

14 views0 comments