Search

Article Summary Week 14: អ​ត្ថប្រយោជន៍នៃបច្ចេកវិទ្យាក្នុងវិស័យអាជីវកម្ម

រៀបរៀងដោយ វង្ស សុីវអុីង​


ការប្រើប្រាស់បច្ចេកវិទ្យា៥យ៉ាង ដើម្បីជាប្រយោជន៍ដល់អាជីវកម្មខ្នាតតូច​ និងមធ្យម


បច្ចេកវិទ្យាអាចជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ដែលដើមទុនរបស់ពួកគេនៅមានកម្រិត ក្នុងការប្រកបអាជីវកម្មឲ្យមានភាពឆ្លាតវៃ និងមានប្រសិទ្ធិភាពជាងមុន។ ខាងក្រោមគឺជាចំណុច៥យ៉ាងដែលអាជីវករអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាគុណប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន៖

១. ផលិតភាព៖ កម្មវិធីមួយចំនួន ដូចជាកម្មវិធីតាម ដានពេលវេលា កម្មវិធីគ្រប់គ្រងគម្រោង និងកិច្ចការ ការបង្កើតប្រព័ន្ធរៀបចំឌីជីថល និងការគ្រប់គ្រងអ៊ីម៉ែល។ កម្មវិធីទាំងអស់នេះអាចជួយបង្កើនបរិមាណផលិតភាពរបស់អាជីវកម្មអោយមានប្រសិទ្ធភាពជាងមុន តាមរយៈការរៀបចំ រក្សាទុក និងតាមដានឯកសារ ប្រកបដោយភាពប្រសើរជាងមុន។

២. ហិរញ្ញវត្ថុ៖ កម្មវិធីមួយចំនួនដែលអាចគ្រប់គ្រង ហិរញ្ញវត្ថុក្រុមហ៊ុនដូចជា ការទូទាត់វិក័យប័ត្រអនឡាញ ការតាមដាននិងគ្រប់គ្រងកញ្ចប់ហិរញ្ញវត្ថុអនឡាញ ការលក់ដូរលើប្រព័ន្ធអ៊ីនធឺណេត កម្មវិធីគ្រប់គ្រងឯកសារ ហិរញ្ញវត្ថុ និងការចែករំលែកឯកសារគណនេយ្យតាមរយៈប្រព័ន្ធឌីជីថល។ កម្មវិធីទាំងអស់នេះអាចជួយកាត់បន្ថយការចំណាយដែលមិនចាំបាច់ សន្សំពេលវេលា បង្កើតលំហូរចំណូលថ្មី និងគ្រប់គ្រងទិន្នន័យ បានយ៉ាងមានប្រសិទ្ធិភាព និងប្រសើរជាងមុន។

៣. ទីផ្សារ៖ ការប្រើប្រាស់កម្មវិធី និង បណ្តាញ សង្គមមួយចំនួនដូចជា កម្មវិធីសម្រាប់បង្កើតគម្រោង ទីផ្សារ​ បណ្តាញសង្គមដូចជា Facebook Instagram Pinterest YouTube Blog វែបសាយ ពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអនឡាញផ្សេងៗ ព្រមទាំង កម្មវិធីកាត់តរូបភាព និងវីដេអូផ្សេងៗ បានជួយផ្សព្វផ្សាយ និងពង្រីកអាជីវកម្មនៅក្នុងទីផ្សារបានកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។

៤. សេវាកម្មអតិថិជន៖ អាជីវករអាចប្រើប្រាស់បណ្តាញសង្គម ដើម្បីទំនាក់ទំនងជាមួយអតិថិជន និងដោះស្រាយបញ្ហាផ្សេងៗ ស្ទង់មតិអតិថិជនតាមរយៈប្រព័ន្ធអនឡាញ។ អាជីវករក៏អាចប្រើប្រាស់កម្មវិធីដែលអនុញ្ញាតអោយអតិថិជនកំណត់ពេលណាត់ជួបតាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្កើនទំនាក់ទំនងរវាងអាជីវករ និងអតិថិជនអោយកាន់តែមានភាពប្រសើរជាងមុនផងដែរ។

៥. ការងារចល័ត និងទូរគមនាគមន៍៖ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបានអនុញ្ញាតអោយអាជីវករមានភាពងាយស្រួលជាងមុន និង សន្សំសំចៃការចំណាយ ទៅលើការិយាល័យការងារ និងថ្លៃចំណាយផ្សេងៗទៀត ដោយការប្រើប្រាស់កម្មវិធីដូចជា​ ការិយាល័យចល័តដែលអនុញ្ញាតអោយអាជីវករធ្វើការបានគ្រប់ទីកន្លែង រួមទាំងការប្រើប្រាស់ក្លោត (Cloud) តាមរយៈទូរស័ព្ទដើម្បីតភ្ជាប់ជាមួយឯកសារផ្សេងៗបានគ្រប់ទីកន្លែង។


***សង្ខេប និងដកស្រង់ពីអត្ថបទ “33 ways to Use Small Business Technology”

13 views0 comments