Search

Article Summary Week 28: វិធានការក្នុងការពង្រឹងវិស័យទេសចរណ៍

រៀបរៀងដោយ​៖​ ណារី រចនា


យុទ្ធសាស្ត្រចំបងដើម្បីទាក់ទាញទេសចរណ៍របស់កម្ពុជាផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម បង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារដែលផ្សារភ្ជាប់ទៅនឹងវិស័យដ៏ទៃទៀត រួមទាំងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានាក្នុងសង្គម និងបរិស្ថាននៃវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងទីផ្សារ និងការផ្តល់ជំនួយដល់មធ្យោបាយធ្វើដំណើរក៏ជាកត្តាចាំបាច់ ដើម្បីលើកស្ទួយផ្នែកទេសចរណ៍ផងដែរ។ ថ្មីៗនេះ រដ្ឋាភិបាលបានដាក់ឱ្យមានការដំណើរការ​ “ផែនការទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន និងធានាបាននូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ការថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិនៅតាមតំបន់ទេសចរណ៍ក្នុងស្រុក ជាពិសេសជម្រុញដល់ការស្នាក់អាស្រ័យរបស់ភ្ញៀវទេសចរឲ្យបានយូរនៃដំណើរកម្សាន្តរបស់ពួកគេ។ ដូច្នេះ ការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់។ គម្រោងនេះដែរ បានផ្ដោតទៅលើការ​​សាងសង់​ផ្លូវ​ចំនួន ៣៨ខ្សែ រួមទាំងរៀបចំស្ដារជាថ្មីនូវកង្វះខាតមួយចំនួន ​ដើម្បីបង្កើនភាពទាក់ទាញនិងងាយស្រួល។




ការពង្រឹងច្បាប់ និងគោលនយោបាយ ការដឹកជញ្ជូន និងសំណង់ មានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើបរិបទធុរកិច្ចនៃវិស័យទេសចរណ៍។ ទន្ទឹមនឹងនោះ ការវិនិយោគបរទេស និងឯកជន កិច្ចសហប្រតិបត្តិការក្នុងស្រុក និងក្រៅស្រុក ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគទៅលើទីផ្សារនៃចក្ខុវិស័យទេសចរណ៍ ដើម្បីបង្កើនផលចំណេញ និងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក។ ជាក់ស្ដែង​ ការ​សាងសង់​សំណង់សំខាន់ៗនៅ​តំបន់​ទេសចរណ៍នៃ​ខេត្ត​សៀមរាប ​ដូចជាសំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ រួមជាមួយនឹងការរីកដុះដាលនៃអាជីវកម្មជាច្រើន ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ក្រឡេកទៅមើលសន្ទុះនៃសហគ្រាសខ្នាតតូច និងមធ្យម​​ (SMEs) នៅក្នុងស្រុក យើងសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់​។​ ក្នុងឆ្នាំ ២០១៥​ សហគ្រាសខ្នាតតូច និងមធ្យម រកបានប្រាក់ចំណូល ១.៩ ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍ និងជួយកាត់បន្ថយការនាំចូលពីបរទេសផងដែរ។ ដូច្នេះហើយ សហគ្រាសខ្នាតតូច និងមធ្យមមានតួនាទីយ៉ាងសំខាន់ ដើម្បីជម្រុញឲ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបណ្ដុះគំនិតច្នៃប្រឌិតសម្រាប់សហគ្រិន។ ដោយសារវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ វាទាមទារឲ្យមានគម្រោងនៃការស្ដារឡើងវិញជាបន្តបន្ទាប់។


កាលពីខែមករាថ្មីនេះៗ អង្គការពលកម្មអន្ដរជាតិ (ILO) និងក្រសួងទេសចរណ៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីសម្រាប់អ្នកសម្របសម្រួលក្នុងវិស័យទេសចរណ៍ស្តីអំពីភាពជាសហគ្រិន។ វគ្គបណ្ដុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងជំនាញអាជីវកម្ម ជំនាញទាក់ទងពីភាពជាសហគ្រិនសំខាន់ៗ បង្រៀនអំពីជំហានសំខាន់ៗក្នុងការកសាង និងអភិវឌ្ឍអាជីវកម្ម ក៏ដូចជាការបង្កើតផែនការ ការពង្រឹងហិរញ្ញវត្ថុនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហ ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ឡើងវិញ។ លើសពីនេះទៅទៀត​ ដើម្បីគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមឲ្យរីកសុះសាយកាន់តែខ្លាំងនិងឆ្លើយតបទៅនឹងតម្រូវការសង្គមសព្វថ្ងៃ សហគ្រិនខែ្មរ (KE) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចូលជាដៃគូយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រតិបត្តិការនៃសហគ្រាសខ្នាតតូច និងមធ្យម និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា។ សរុបមក ដើម្បីពង្រឹងវិស័យទេសចរណ៍ឡើងវិញ និងទទួលបាននូវស្ថិរភាពសេដ្ឋកិច្ចនិងការរីកចម្រើន វាទាមទារឲ្យមានការចូលរួមពីបុគ្គលជាច្រើនក្នុងសង្គមរួមមាន រាជរដ្ឋាភិបាល ធនធានមនុស្ស សហគ្រាសនិង​​ ក្រុមហ៊ុនតូចធំ ក្នុងការបង្កើតយុទ្ធនាការជាក់លាក់មួយដើម្បីបោះជំហានទៅកាន់ភាពជោគជ័យនាពេលអនាគត។



******* សង្ខេប និង ដកស្រង់ពីអត្ថបទ

https://www.adb.org/sites/default/files/institutional-document/227186/clmv-tourism-sector-assessment.pdf

20 views0 comments