Search

Article Summary Week 27: តើវិស័យទេសចរណ៍ផ្តល់គុណវិបត្តិអ្វីខ្លះដល់ប្រទេសកម្ពុជា?

រៀបរៀងដោយ​៖​ ណារី រចនា


តើវិស័យទេសចរណ៍ផ្តល់គុណវិបត្តិអ្វីខ្លះដល់ប្រទេសកម្ពុជា?


វិស័យទេសចរណ៍បានជំរុញប្រទេសកម្ពុជាឲ្យឆ្ពោះទៅរកភាពរីកចម្រើន។​ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បានទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិមិនតិច​ជាង៦​លាន​នាក់​នោះទេ។ វិស័យទេសចរណ៍ ជាកត្តាយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស​ ជាពិសេស​ វាក៏បានជួយលើកកម្ពស់អាជីវកម្មក្នុងស្រុកផងដែរ។ ក៏ប៉ុន្តែ កំណើននៃ​ភ្ញៀវ​ទេសចរ​យ៉ាងសន្ធឹកសន្ធាប់នេះក៏បាន​ផ្ដល់​នូវ​គុណវិបត្តិ​មួយចំនួនដល់ប្រទេសកម្ពុជា​ដូចគ្នា​ ដែលរួមមាន៖



ផលប៉ះពាល់នៃបរិស្ថានលើតំបន់ទេសចរណ៍៖


ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកម្ពុជាបានផ្ដល់ផលប៉ះពាល់លើបរិស្ថានយ៉ាងខ្លាំង ដូចជាការបំពុលខ្យល់ពីយានជំនិះ ការបំពុលដី (កាកសំណល់ប្លាស្ទិក) និងការបំពុលទឹកជាដើម។​ ជាងនេះទៅទៀត​​ វាក៏បានផ្ដល់ផលប៉ះពាល់ទៅដល់ សំណង់បុរាណ បូជនីយដ្ឋាន ចម្លាក់ និងប្រាសាទនានា ដោយសារតែភ្ញៀវទេសចរមួយចំនួនតូចមិនគោរពតាមបំរាមដែលគេបានកំណត់។



បញ្ហាចរាចរណ៍៖


គួរឲ្យកត់សម្គាល់ថា ទីកន្លែងទេសចរណ៍ល្បីល្បាញមួយចំនួន ជាពិសេសនារដូវវិសម្សកាល ឬថ្ងៃឈប់សម្រាក តែងតែមានភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុនាំឲ្យមានការកកស្ទះនៃចំនួនមនុស្ស​ និង​ចរាចរណ៍។​ ដោយសារកំណើនមនុស្សនិង​យានជំនិះពីមួយថ្ងៃទៅមួយថ្ងៃ​ វាជាមូលហេតុចំបងដែលបំពុលដល់បរិយាកាស។


ការបាត់បង់អត្តសញ្ញាណវប្បធម៌ជាតិ៖


វប្បធម៌ ប្រពៃណី សន្តិសុខ​សង្គម អាចនឹងប៉ះពាល់ដោយសារតែការជះឥទ្ធិពលពីបរទេសច្រើន មកលើសង្គមសព្វថ្ងៃ។​ ​ដើម្បីទាក់ទាញ និងស្របតាមតម្រូវការភ្ញៀវទេសចរ ប្រជាជន ឬអាជីវករតាមតំបន់ខ្លះបានផ្លាស់ប្ដូរ​ទំនៀមទម្លាប់ បរិបទសង្គម និងទីផ្សារលក់ដូរជាដើម។ ដោយសារកត្តាសង្គមជំរុញ ប្រជាជនចាំបាច់ត្រូវតែសម្របសម្រួលទៅតាមនោះដែរ។​ ជាក់ស្ដែង ​នៅខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ ២០១៦ ចំនួនអ្នកវិនិយោគ និងភ្ញៀវទេសចរបានកើនឡើងលើសលប់។ ក្រៅពីនាំមកនូវការអភិវឌ្ឍន៍និងវិបុលភាព ឃើញថាកំណើននៃបញ្ហាបំពុលបរិស្ថាន បញ្ហាច្បាប់ទម្លាប់ និងឧក្រិដ្ឋកម្ម បានក្លាយជាបញ្ហាចំបងដែលប៉ះពាល់ដល់សន្តិសុខសង្គមខ្មែរផងដែរ។


ការបំផ្លាញធម្មជាតិ និងទីជម្រកសត្វព្រៃ៖

ការពង្រីកទីតាំងដើម្បីសម្របតាមតម្រូវការទេសចរណ៍មួយចំនួនដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារតូចធំ សណ្ឋាគារ ឬរមណីយដ្ឋានទេសចរណ៍ ចាំបាច់ឲ្យ​មានការដោះដូរជាមួយធនធានធម្មជាតិ​។​ ប៉ុន្តែ ការកាប់ឆ្ការព្រៃឈើ ចូសឆាយដី សម្រាប់សាងសង់សំណង់ផ្សេងៗនោះបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់​ជម្រកសត្វព្រៃ និងបរិស្ថានធម្មជាតិ។ ការធ្លាក់ចុះនៃព្រៃឈើ ស្របពេលនៃការធ្វើនគរូបនីយកម្ម អាចផ្ដល់នូវការគម្រាមកំហែងយ៉ាងខ្លាំងដល់បរិស្ថាននិងផែនដី។​ ក្រឡេកទៅមើលការស្ថាបនា​ឧទ្យានជាតិរាម ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកបានពង្រីកទីតាំងដោយកាប់ឆ្ការព្រៃដើម្បីសាងស់សំណង់របស់ខ្លួន។​ ប្រជាពលរដ្ឋក្នុងតំបន់នោះបានប្រតិកម្មយ៉ាងខ្លាំងចំពោះ​សកម្មភាពនេះ ដោយសារវាប៉ះពាល់ដល់ធនធានធម្មជាតិ និងទីតាំងរស់នៅរបស់ពួកគេ។


តើយើងគប្បីលុបបំបាត់បញ្ហាទាំងអស់នេះបានតាមរបៀបណា?

បើយោងទៅតាមអង្គការទេសចរណ៍ពិភពលោក ដើម្បីទទួលបាននិរន្តភាពនៃវិស័យទេសចរណ៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ យើងគួរគប្បីពង្រឹងនូវចំណុច ៣​ សំខាន់ៗ៖

· កាត់បន្ថយការកេងប្រវ័ញ្ចធនធានធម្មជាតិ​ និងចូលរួមជួយរក្សាការពារបេតិកភណ្ឌធម្មជាតិ។

· គោរព និងឲ្យតម្លៃផ្នែកសង្គមវប្បធម៌របស់ប្រទេសនីមួយៗ។

· ធានាឲ្យបាននូវការផ្ដល់ឲ្យនៃផលប្រយោជន៍សេដ្ឋកិច្ចស្មើៗគ្នាទៅគ្រប់វិស័យ ក៏ដូចជាតាមសហគមន៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។


***សង្ខេប និងដកស្រង់ពីអត្ថបទ

Sustainable Tourism in Cambodia

Negative Effects of Tourism You Should Know About




47 views0 comments