Search

Article Summary Week 16: តើអ្វីទៅជាហ្វីនថិច (FinTech)?

Updated: Oct 13, 2021

រៀបរៀងដោយ ឈត ឆរ៉ាវីន

បច្ចុបន្ននេះ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនបានចាប់ផ្តើមងាកទៅរកឧបករណ៍ឌីជីថល ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ក៏ដូចជាបង្កភាពរីកចម្រើនទៅលើអាជីវកម្មផងដែរ។ ក្នុងឆ្នាំ២០១៩ មានការស្ទង់មតិ Deloitte មួយ លើអាជីវកម្មខ្នាតតូចនិងមធ្យម ចំនួនជាង១០០០អាជីវកម្ម។ ក្នុងនោះផងដែរ គេបានរកឃើញថា អ្នកដែលប្រើឧបករណ៍ឌីជីថលបែបទំនើប ទំនងជាជួបប្រទះនឹងកំណើនប្រាក់ចំណូល៣ដង និង ទទួលបានកំណើនអតិថិជន ៣ដង ច្រើនជាងអ្នកដែលមិនសូវប្រើប្រាស់ឧបករណ៍ឌីជីថល ។

ជាការពិតណាស់ ផ្នែកមួយនៃឧបករណ៍ឌីជីថលទាំងនោះ ដែលអាចបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្មផ្សេងៗ គឺបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា ហ្វីនថិច

តើអ្វីទៅជាហ្វីនថិច (FinTech)?

រូបភាពទី១

ហ្វីនថិចគឺជាពាក្យដ៏ថ្មីមួយដែលត្រូវបានគេប្រើប្រាស់ចំពោះ បច្ចេកវិទ្យាកំពុងរីកចម្រើនថ្មីៗដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ និងអាចឲ្យស្ថាប័នហិរញ្ញវត្ថុផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមវិធីថ្មីនិងលឿនជាង វិធីបែបប្រពៃណីពីមុនៗមក។ បច្ចេកវិទ្យាហ្វីនថិចមានដូចជា សេវាកម្មធនាគារចល័ត ការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ការវេរលុយ សេវាកម្មធានារ៉ាប់រង ការជួញដូរពាណិជកម្មផ្សេងៗ ទូដាក់និងដកប្រាក់(ATM)។ ល។

ក្រៅពីជួយដោះស្រាយបញ្ហាប្រឈម និងបង្កើនប្រសិទ្ធភាពក្នុងអាជីវកម្ម ហ្វីនថិច អាចផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖

· សន្សំសំចៃពេលវេលាលើដំណើរការផ្សេងក្នុងអាជីវកម្ម

· កែលម្អបទពិសោធន៍របស់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្ម ឬការជាវទំនិញផ្សេងៗ

· បង្កើនលទ្ធភាពទទួលបានដើមទុន

· កាត់បន្ថយចំណាយទៅលើប្រតិបត្តិការ ឧ.ការធ្វើទីផ្សារ ការទូទាត់ប្រាក់ដោយឥតគិតថ្លៃជាដើម។

តើ ហ្វីនថិច ដោះស្រាយបញ្ហាក្នុងអាជីវកម្មបានយ៉ាងដូចម្តេច?

រូបភាពទី២

យោងទៅតាមការស្ទង់មតិរបស់អ៊ីវ៉ាយ(EY) គេបានរកឃើញបញ្ហាមួយចំនួន ដែលអាជីវកម្មខ្នាតតូចនិងមធ្យមបានប្រឈម មានដូចខាងក្រោម៖

· កម្ចីពីធនាគារតាម​បែបប្រពៃណីមានបែបបទពិបាក និងរញ៉េរញ៉ៃ ដែលទាមទាររយៈពេលយូរ។

· ការចំណាយពេលយូរ ក្នុងការទទួលប្រាក់ពីអតិថិជន និងការទូទាត់សាច់ប្រាក់ជាមួយដៃគូរួមអាជីវកម្ម។

· ការតាមដានប្រាក់ចំណូល និងចំណាយ។

ជាការពិតណាស់ បច្ចេកវិទ្យាហ្វីនថិចបានជួយដោះស្រាយបញ្ហាប្រឈមទាំងនេះបានដោយប្រសិទ្ធភាពតាមរយៈការផ្តល់៖

· មុខងារ និងលក្ខណៈពិសេសជាច្រើន

· ភាពអាចរកបាននៃសេវាកម្ម ២៤ម៉ោង

· ភាពងាយស្រួលនៃការរៀបចំ ការកំណត់រចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាកម្ម។

សរុបរួមមក ហ្វីនថិច​ គឺពិតជាបច្ចេកវិទ្យាគន្លឹះសំខាន់មួយ ក្នុងការជម្រុញអាជីវកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច និងមធ្យម ឲ្យមានការលូតលាស់រីកចម្រើន ជាពិសេសនោះគឺទទួលបានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រកបអាជីវកម្មទាំងមូល៕


***សង្ខេប និងដកស្រង់ពីអត្ថបទ "Are FinTech Solutions The Key To Unlocking Small Business Growth? "

***រូបភាព៖ រូបភាពទី១រូបភាពទី២

ទំនាក់ទំនង:​angkorsip@gmail.com

33 views0 comments