Search

Article Summary Week 31: ដំណាក់កាលនៃឌីជីថលូបនីយកម្ម

Updated: May 20

វិស័យឌីជីថលគឺជាវិស័យដែលកំពុងតែឈានមុខគេ ក្នុងការកែប្រែរបៀបរស់នៅរបស់មនុស្សក្នុងសតវត្សទី២១។ ការអភិវឌ្ឍន៍វិស័យឌីជីថលអាចជម្រុញកំណើនសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព ពីព្រោះវាជាកត្តាយ៉ាងទាក់ទាញមួយសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកទីផ្សារដែលប្រកបដោយនវានុវត្តន៍ភាព។ នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ធនធានមនុស្សនិងវឌ្ឍនភាពនៃបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ឌីជីថលអោយពីលទ្ធភាពដើម្បីជម្រុញឌីជីថលូបនីយកម្មនៅក្នុងសង្គម។ ប៉ុន្តែ តើយើងគួរតែស្វែងយល់អំពីឌីជីថលនិងដំណាក់កាលនៃឌីជីថលូបនីយកម្មដើម្បីសម្របខ្លួនទៅក្នុងសង្គមឌីជីថល តាមរបៀបណា?


តើឌីជីថលមានន័យដូចម្តេច?

ឌីជីថលសំដៅលើបច្ចេកវិទ្យាអេឡិចត្រូនិចទាំងឡាយណាដែលប្រើប្រាស់តួរលេខជាក់លាក់ ដើម្បីបង្កើត រក្សាទុក និងធ្វើដំណើរការទិន្នន័យ។ ការធ្វើឌីជីថលអាចបែងចែងជា ៣ដំណាក់កាលធំៗ



១. ការធ្វើឌីជីថល ឬ Digitization

ការធ្វើឌីជីថល គឺជាការបម្លែងវត្ថុណាមួយដែលមិនមានលក្ខណៈឌីជីថលអោយទៅជាទម្រង់ឌីជីថលដែលអាចរក្សាទុក និងធ្វើដំណើរការដោយកុំព្យូទ័របាន។ ឧទាហរណ៍ ការបម្លែងឯកសារ និងរូបភាពដែលមានទម្រង់ដើមនៅលើក្រដាស់ អោយទៅជាទម្រង់ឌីជីថលនៅក្នុងទូរស័ព្ទឬកុំព្យូទ័រ​ ហើយអាចធ្វើការបញ្ជូនពីឧបករណ៍មួយទៅឧបករណ៍មួយទៀតបាន។ ការធ្វើឌីជីថលមានមូលដ្ឋានគ្រឹះ ចាប់តាំងពីឆ្នាំ១៩៦០ម្លេះ ហើយវាមានគោលដៅផ្តោតសំខាន់ទៅលើការតភ្ជាប់រវាងពិភពរូបវន្តជាមួយនឹងកម្មវិធី software។ គោលបំណងនៃការធ្វើឌីជីថលមានគុណសម្បត្តិយ៉ាងសំខាន់ក្នុងពន្លឿនសកម្មភាពរបស់មនុស្សក្នុងការរៀនសូត្រ ការបំពេញភារកិច្ចការងារ ការបង្កើតទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នា​ ដើម្បីជម្រុញ និងលើកកម្ពស់ជីវិតនិងជីវភាពរបស់ពួកគេអោយកាន់តែប្រសើរឡើង។


២. ឌីជីថលូបនីយកម្ម ឬ Digitalization

ខុសពីការធ្វើឌីជីថល (digitization) ដែលជាការប្រែក្លាយវត្ថុរូបវន្តអោយទៅជាទិន្នន័យ software ឌីជីថលូបនីយកម្ម (digitalization) គឺសំដៅទៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងដំណើរការប្រចាំថ្ងៃនៃស្ថាប័នរដ្ឋ និងឯកជន។ ឌីជីថលូបនីយកម្មកំពុងបង្កើតឲ្យមានការកែលម្អគំរូអាជីវកម្ម ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព និងកាត់បន្ថយការចំណាយតាមរយះការផ្លាស់ប្តូរគំរូអាជីវកមុ្មបែបប្រពៃណី ឲ្យទៅជាបែបឌីជីថល។ ជាក់ស្ដែងក្នុងបរិបទសង្គមកូវីត១៩ ឌីជីថលូបនីយកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សកម្មភាពមនុស្ស ដើម្បីរក្សាដំណើរការអាជីវកម្ម។ ឧទាហរណ៍ ការប្រើប្រាស់ប្រព័ន្ធទូទាត់ថវិការតាមឧបករណ៍អេឡិចត្រូនិករបស់ធនាគារអនឡាញ បានជួយសម្រួលដល់សកម្មភាពអាជីវកម្មជាច្រើនដែលកំពុងតែជួបប្រទះនឹងបញ្ហាដោយសារជំងឺរាតត្បាតកូវីត១៩។



៣. ការផ្លាស់ប្តូរបែបឌីជីថល​ ឬ Digital Transformation

ការផ្លាស់ប្តូរបែបឌីជីថលគឺជាការប្រែក្លាយអាជីវកម្មតាមរយះឌីជីថលូបនីយកម្ម។ ការផ្លាស់ប្តូរបែបឌីជីថលនេះក៏បានផ្លាស់ប្តូររបៀបនៃដំណើរការអាជីវកម្ម តួនាទីរបស់អាជីវករនិងបុគ្គលិក និងមធ្យោបាយផ្តល់សេវាកម្មឲ្យអតិថិជនតាមរយះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ។ ការផ្លាស់ប្តូរបែបឌីជីថលនេះមានចំនួន៤កម្រិត៖

១. កម្រិតដំណើរការ៖ ការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មី និងការសម្រួលដំណើរការអាជីវកម្មដោយកាត់បន្ថយវិធីសាស្រ្តចាស់ៗក្នុងការរកស៊ី។

២. កម្រិតអង្គការ៖ ការផ្លាស់ប្តូរវីធីសាស្ត្សចាស់ៗហើយងាកមកអនុវត្តវិធីសាស្ត្រថ្មីៗបែបឌីជីថលក្នុងការធ្វើដំណើរការការងាររបស់អង្គភាព។

៣. កម្រិតអាជីវម្ម៖ ការផ្លាស់ប្តូរតួនាទីរបស់បុគ្គលិក និងខ្សែសង្វាក់ផលិតកម្មនិងតម្លៃ។

៤. កម្រិតសង្គម៖ ការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមតាមរយះការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល។


******* សង្ខេប និង ដកស្រង់

https://www.arcweb.com/blog/what-digitization-digitalization-digital-transformation

https://www.scrive.com/digitalisation/

https://www.techopedia.com/definition/604/digital-definition

33 views0 comments