Search

Article Summary Week 24: ៥ ចំណុចជាឥទ្ធិពលនៃវិស័យទេសចរណ៍

រៀបរៀងដោយ​៖​ ណារី រចនា

គាំទ្រដោយ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី


តើវិស័យទេសចរណ៍ផ្តល់សារៈប្រយោជន៍យ៉ាងណាខ្លះដល់យើងទាំងអស់គ្នា?

តើអ្នកដឹងអ្វីខ្លះអំពីអត្ថប្រយោជន៍នៃវិស័យទេសចរណ៍? បច្ចុប្បន្ន វិស័យទេសចរណ៍បានក្លាយជាធុរកិច្ចអន្តរជាតិមួយដ៏ធំបំផុត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ទស្សនៈវិស័យ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗទៅកាន់ពិភពលោក។ យ៉ាងណាមិញ យើងនឹងលើកយកចំណុចសំខាន់​ចំនួន ៥ ដែលវិស័យទេសចរណ៍អាចផ្តល់ឲ្យ៖

ឱកាសការងារ៖ វិស័យទេសចរណ៍បានផ្តល់ឱកាសការងារជាច្រើន មិនថាការងារក្នុងវិស័យអាកាសចរណ៍ អាជីវកម្មក្នុងស្រុកខ្នាតធំ និងខ្នាតតូច ផ្នែកបដិសណ្ឋារកិច្ច​ជាដើម។ បន្ថែមពីនេះ វិស័យទេសចរណ៍បានបង្កើនសមិទ្ធិផលនិងរួមចំណែកបង្កើនប្រាក់ចំណូលរបស់ប្រជាជននិងជាតិ។ ដូចជាក្នុងឆ្នាំ ២០១៩ ការរួមចំណែកនៃវិស័យទេសចរណ៍បានផ្ដល់ឲ្យនូវឱកាសការងារគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជាចំនួន ៣២.៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ បានត្រឹមតែ ១៣.៣% ប៉ុណ្ណោះ។

កំណើនផលិតផលក្នុងស្រុកសរុប៖ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នឹងរួមចំណែកដល់ការលូតលាស់នៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ។ យោងតាមក្រសួងទេសចរណ៍ក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍កម្ពុជាទទួលបានប្រាក់ចំណូលសរុបចំនួន ៤.៩២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៣% បើធៀបនឹងឆ្នាំមុន។


ជួយពង្រឹងប្រទេសកំពុងអភិវឌ្ឃន៍៖ ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ដើម្បីសម្រួលដល់កំណើនលូតលាស់ជាតិ ព្រោះលំហូរនៃភ្ញៀវទេសចរនឹងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាជនក្នុងតំបន់។ ដូចគ្នានោះដែរ កម្ពុជា​ក៏​ពឹង​ផ្អែក​យ៉ាង​លើ​វិស័យ​ទេសចរណ៍ ដោយហេតុថាវិស័យមួយនេះបានផ្លាស់ប្ដូររូបភាពជាច្រើននៅក្នុងប្រទេសដូចជា សេដ្ឋកិច្ច ភាពរីកលូតលាស់ក្នុងសង្គម ប្រាក់ចំណូលជាតិនិងប្រជាជន និងផ្នែកផ្សេងៗច្រើនទៀតបានកំពុងចាប់ផ្តើមកើនឡើងបន្តិចម្តងៗ។

អភិវឌ្ឍន៍តំបន់ជនបទ៖ ទេសចរណ៍អាចជំរុញដល់ការអភិវឌ្ឍន៍តំបន់ជនបទដែលមានបរិស្ថានធម្មជាតិ ទំនៀមទម្លាប់ ប្រពៃណី ក៏ដូចជាការរស់នៅបែបសាមញ្ញរបស់ប្រជាជនតាមតំបន់ផងដែរ​ ដោយសារពេលខ្លះគោលដៅតំបន់ទេសចរណ៍មិនមែនសុទ្ទតែជាទីក្រុង ឬជាតំបន់ល្បីល្បាញបំផុតនោះទេ​ តែអាចជាតំបន់ជនបទ ឬតំបន់អេកូទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលចូលចិត្តការរុករកអ្វីថ្មីៗ ​និង​ប្លែកៗ។


អភិរក្សវប្បធម៌៖ វិស័យទេសចរណ៍ គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ប្រទេសមួយ។ អ្នកទេសចរណ៍ភាគច្រើនដឹងពីប្រទេសផ្សេងទៀតដោយសារតែវប្បធម៌ដ៏អស្ចារ្យបំផុត ឬប្រជាប្រិយភាពប្រវត្តិសាស្រ្តរបស់ប្រទេសនោះ។ ជាមួយគ្នានេះ

វិស័យទេសចរណ៍ អាចថែរក្សាវប្បធម៌តាមមធ្យោបាយជាច្រើនដូចជា ជួយដល់សិប្បករតាមតំបន់ដែលផលិតសិប្បកម្ម ផ្សព្វផ្សាយតំបន់វប្បធម៌ និងកេរ្ដិ៍ដំណែលដូចជារបាំប្រពៃណី ល្ខោន តន្ត្រី អាហារជាដើម តាមរយៈលំហូរភ្ញៀវ ដើម្បីថែរក្សានិងអភិរក្សវប្បធម៌ជាតិ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា វិស័យទេសចរណ៍បានជួយប្រជាជនក្នុងស្រុកជាច្រើន ជាពិសេសស្ត្រី ជនពិការ និងមនុស្សចាស់ ដើម្បីរកប្រាក់ចំណូលបន្ថែម និងផ្គត់ផ្គង់ជីវភាព និងគ្រួសារ។ នៅខេត្តស្វាយរៀង ប្រជាជនផលិតសិប្បកម្មប្រពៃណី និងវត្ថុអនុស្សាវរីយ៍សម្រាប់លក់ទៅទីផ្សារ។


**** សង្ខេប និង ដកស្រង់ ****

https://theimportantsite.com/10-reasons-why-tourism-is-important/




43 views0 comments